តើយើងខ្ញុំជានរណា?
មានមហាវិទ្យាល័យបច្ចេកវិទ្យា និងសហគមន៍របស់រដ្ឋចំនួន 34 នៅក្នុងរដ្ឋវ៉ាស្ហ៊ីងតោន។ មហាវិទ្យាល័យទាំងនោះផ្តល់ជូននូវជំនាញការងារ, ការអប់រំថ្នាក់មូលដ្ឋាន និងត្រៀមសិស្សសម្រាប់ចូលសកលវិទ្យាល័យ។
បម្រើសហគមន៍ក្នុងតំបន់គ្រប់កម្រិត
- ការអាន, ការសរសេរ, ការប្រកប និងគណិតវិទ្យាថ្នាក់មូលដ្ឋានសម្រាប់សិស្សពេញវ័យ
- សញ្ញាបត្រវិទ្យាល័យ និង GED
- ការបណ្តុះបណ្តាលការងារ និងការកែលម្អជំនាញការងារ
- ត្រៀមខ្លួនសម្រាប់ការសិក្សានៅសកលវិទ្យាល័យ
តើអ្នកបានដឹងទេ?
- មហាវិទ្យាល័យរបស់រដ្ឋដែលមានកម្មវិធីសិក្សារយៈពេលពីរឆ្នាំទទួលសិស្សក្នុងរដ្ឋវ៉ាស៊្ហីងតោនបានជិត 500,000 នាក់ក្នុងមួយឆ្នាំៗ។ នៅក្នុងចំនួនទាំងអស់នោះ មានសិស្សប្រហែល 60% ដែលបានចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សារបស់រដ្ឋ នៅក្នុងរដ្ឋនេះ។
- និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនៃរដ្ឋវ៉ាស៊្ហីងតោនចំនួនបួនភាគដប់បានចាប់ផ្តើមការសិក្សារបស់ពួកគេនៅមហាវិទ្យាល័យសហគមន៍មួយក្នុងចំណោមមហាវិទ្យាល័យសហគមន៍នានារបស់យើងខ្ញុំ។
- ក្នុងចំណោមសិស្សទាំងអស់ក្នុងរដ្ឋវ៉ាស៊្ហីងតោនដែលបញ្ចប់ការសិក្សាពីវិទ្យាល័យក្នុងមួយឆ្នាំៗមាន សិស្សចំនួន 37% ចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យសហគមន៍។ 5% ទៀតចុះឈ្មោះចូលរៀនបន្ទាប់ពីរង់ចាំអស់រយៈពេលមួយ ឬពីរឆ្នាំ។
ត្រូវការជំនួយក្នុងការរៀនភាសាអង់គ្លេសទេ?
ដើម្បីរៀនភាសាអង់គ្លេសបន្ថែម សូមសាកសួរព័ត៌មានអំពីវគ្គសិក្សាភាសាអង់គ្លេសជាភាសាទីពីរ (ESL) នៅមហាវិទ្យាល័យតាមតំបន់របស់អ្នក។ ពួកគេជួយមនុស្សពេញវ័យដែលនិយាយភាសាដទៃឲ្យចាប់ផ្តើមរៀនប្រើប្រាស់ភាសាអង់គ្លេស។
ការចេះអាន និងចេះសរសេរនៅពេលនេះអាចជួយឲ្យអ្នកស្វែងរកថ្នាក់រៀនភាសាអង់គ្លេសជាភាសាទីពីរ (ESL)
បាន។ សូមទាក់ទងទៅទូរស័ព្ទលេខ 1-888-444-5744 ដែលមិនគិតថ្លៃ ដើម្បីនិយាយជាមួយអ្នកដែលចេះនិយាយភាសារបស់អ្នក។ ពួកគេក៏អាចជួយស្វែងរកសេវាកម្ម និងការសិក្សាជំនាញការថ្នាក់មូលដ្ឋាន (ការអាន, ការសរសេរ, ការប្រកប និងគណិតវិទ្យា) សញ្ញាបត្របញ្ចប់ថ្នាក់វិទ្យាល័យ, ការត្រៀម និងការប្រលង GED, ជំនាញមូលដ្ឋានគ្រឹះកុំព្យូទ័រ, ការចូលសញ្ជាតិ និងជំនាញផ្សេងៗទៀត។
មិនថាអ្នកចង់រៀនជំនាញការងារថ្មី, រៀនភាសាអង់គ្លេស ឬចង់រៀនត្រៀមដើម្បីផ្ទេរទៅសកលវិទ្យាល័យ ឬយ៉ាងណានោះ មហាវិទ្យាល័យនៅតាមតំបន់របស់អ្នកមានកម្មវិធីសម្រាប់អ្នក។
ជំនាញការ និងការអប់រំបន្ថែមអាចជួយឲ្យអ្នកឈានមុខគេក្នុងការងារ និងក្នុងជីវភាពរស់នៅរបស់អ្នក។ អនាគតរបស់អ្នកចាប់ផ្តើមនៅមហាវិទ្យាល័យសហគមន៍ ឬបច្ចេកវិទ្យា នៅតាមតំបន់របស់អ្នក។
ការទទួលស្គាល់ជាផ្លូវការ
មហាវិទ្យាល័យសហគមន៍ និងបច្ចេកវិទ្យានៃរដ្ឋវ៉ាស៊្ហីងតោនគឺជាស្ថាប័នសាធារណៈ ដែលគាំទ្រដោយរដ្ឋដែលបានការទទួលស្គាល់ជាផ្លូវការដោយគណៈកម្មការភាគពាយព្យត្រួតពិនិត្យលើមហាវិទ្យាល័យ និងសកលវិទ្យាល័យ (Northwest Commission on Colleges and Universities) ដែលជាអង្គការផ្ដល់នូវការទទួលស្គាល់ស្ថាប័នជាផ្លូវការ ដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាទទួលស្គាល់ការអប់រំថ្នាក់ឧត្តម និងក្រសួងអប់រំរបស់សហរដ្ឋអាម៉េរិក។ មហាវិទ្យាល័យនីមួយៗអាចទទួលបាននូវការទទួលស្គាល់បន្ថែមដោយអង្គការផ្ដល់ការទទួលស្គាល់ដែលមានវិជ្ជាជីវៈផ្សេងទៀត។